Babykuku.com December 17, 2017

កំពត ៖ បន្ទាប់ពីមានការប្រតិកម្មយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋព្រោះតែការកែប្រែឈ្មោះនៅលើខ្លោងទ្វារចូលទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោលនោះ នៅពេលនេះឈ្មោះលើខ្លោងទ្វារត្រូវបានដាក់ថ្មីហើយដោយរំលេចព្រះនាមអតីតព្រះមហាក្សត្រខ្មែរផងដែរ។ ឈ្មោះថ្មី នៅលើខ្លោងទ្វារនេះគឺ ឧទ្យានជាតិព្រះមុនីវង្សបូកគោ។

លទ្ធផល​រូបភាព​សម្រាប់ បូកគោ

ឈ្មោះថ្មីលើខ្លោងទ្វារចូលទៅកាន់រមណីយដ្ឋានភ្នំបូកគោនេះ ត្រូវបានរៀបចំដាក់រួចរាល់នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។ ដោយអនុវត្តន៍តាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីក្នុងន័យជម្រះរាល់ភាពមន្ទិលសង្ស័យទាំងឡាយ បន្ទាប់ពីខ្លោងទ្វារនោះស្ថិតក្នុងភាពទំនេរប្រហែលជាង ៣ខែកន្លងទៅនេះ។

មន្ត្រីជំនាញពាក់ព័ន្ធនៃមន្ទីរបរិស្ថានខេត្តកំពត បានប្រាប់ឲ្យដឹងថា ដោយផ្អែកតាមលិខិតលេខ៩៨៥.សជណ.កស ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជម្រាបជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន មានខ្លឹមសារតម្រូវឲ្យសម្របសម្រួលការរៀបចំស្លាកសញ្ញានៅខ្លោងទ្វារធំចូលឆ្ពោះទៅភ្នំបូកគោដោយសរសេរថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ។
តាមលិខិតដដែលនេះ បានបញ្ជាក់ថា ស្លាកនេះត្រូវមានរចនាបទខ្មែរ និងឆ្លុះបញ្ចាំងនូវអត្តសញ្ញាណនៃឧទ្យានជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់របស់ជាតិក៏ដូចជាលុបបំបាត់ការភ័ន្តច្រឡំពីសាធារណជនពាក់ព័ន្ធការប្តូរនាមករណ៍របស់ក្រុមហ៊ុនសុខាអូតែល។

លទ្ធផល​រូបភាព​សម្រាប់ បូកគោ

មន្ត្រីបរិស្ឋានរូបនេះ បានឲ្យដឹងទៀតថា ដោយបានសម្របសម្រួលរួចរាល់ និងស្ថិតក្នុងភាពបន្ទាន់ផងនោះ សាខាក្រុមហ៊ុនសុខាអូតែលបានបញ្ជូនកម្លាំងមកលើកស្លាកសញ្ញាសម្គាល់ក្រសួងបរិស្ថាន និងរៀបចំដំឡើងអក្សរនូវពាក្យថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ លើខ្លោងទ្វារផ្លូវចូលទៅរមណីដ្ឋានប្រវត្តិសាស្ត្រនេះ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។

រូបភាពពាក់ព័ន្ធ

គួររំលឹកផងដែរថា តបតាមបទបញ្ជាក្នុងភាពបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ លោក ចាន់ ចេស្តា អភិបាលខេត្តកំពតបានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធចុះដោះស្លាកសញ្ញា និងឈ្មោះនៅលើខ្លោងទ្វារឆ្ពោះទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោព្រោះតែសាខាក្រុមហ៊ុនសុខាអូតែលប្តូរឈ្មោះពីរមណីយដ្ឋានឋានសួគ៌បូកគោទៅជារមណីយដ្ឋានសុខាឋានសួគ៌ដែលបង្កឲ្យមានការភ័ន្តច្រឡំពីសាធារណជនជាច្រើន ទាំងនៅក្នុងស្រុក និងបរទេស។

លទ្ធផល​រូបភាព​សម្រាប់ បូកគោ

តាំងពីថ្ងៃរុះរើមកនៅលើខ្លោងទ្វារនេះស្ថិតក្នុងភាពទំនេរដោយពុំមានឈ្មោះនិងសញ្ញាអ្វីជាសម្គាល់ឡើយ។ ចន្លោះពេលនោះពោលគឺនៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧កិច្ចប្រជុំមួយបានធ្វើឡើងក្រោមអធិបតីភាពលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីបណ្តាក្រសួងពាក់ព័ន្ធនានា។

លទ្ធផល​រូបភាព​សម្រាប់ បូកគោ

សំណើសំខាន់ៗមួយចំនួនបានកើតចេញតាមរយៈកិច្ចពិភាក្សានេះទើបនៅថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រីចារឯកភាពដែលក្នុងនោះមានទាំងការកំណត់យកឈ្មោះ ឧទ្យានជាតិព្រះមុនីវង្សបូកគោ សម្រាប់ដាក់សម្គាល់នៅខ្លោងទ្វារចូលរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំបូកគោ៕

Leave a comment.

Your email address will not be published. Required fields are marked*