Babykuku.com October 9, 2017


ប្រទេស​អ៊ីស្រាអែល ដែល​ទើបតែ​មាន​អាយុ ៦៩​ឆ្នាំ បាន​កសាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន ក្លាយជា​មជ្ឈមណ្ឌល​បង្កើត​បច្ចេកវិទ្យា​ថ្មីៗ និង​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។ ក្នុង​នោះ Facebook, Google, Microsoft និង Intel គឺ​ជា​ក្រុមហ៊ុន ក្នុង​ចំណោម​ក្រុមហ៊ុន​សាជីវកម្ម​អន្តរជាតិ​ជាង ៣០០​ទៀត ដែល​បាន​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មជ្ឈមណ្ឌល និង​អភិវឌ្ឍន៍​នៃ​ពិភពលោក។

ប៉ុន្ដែ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ៊ីស្រាអែល ក្លាយ​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​នៃ​ពិភពលោក?

អ្នក​អភិវឌ្ឍ​កម្មវិធី​របស់ Google លោក Don Dodge បាន​ឲ្យ​ដឹង​ថា “ការងារ​របស់​ខ្ញុំ គឺ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក និង​ជជែក​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​អភិវឌ្ឍ​កម្មវិធី អ្នក​បង្កើត​ថ្មី និង​អ្នក​វិនិយោគ។ ខ្ញុំ​បាន​ទៅ​គ្រប់​ជ្រុង​ទាំង​អស់​នៃ​ពិភពលោក មាន​ដូចជា ចិន ជប៉ុន អូស្ត្រាលី និង​ពាសពេញ​អឺរ៉ុប។ ប៉ុន្ដែ​គ្មាន​ប្រទេស​ណា​នៅ​លើ​ពិភពលោក ដែល​គិត​ដូច​គ្នា​នឹង​ក្រុមហ៊ុន Google ហើយ​ដូច​នឹង​ប្រទេស​អ៊ីស្រាអែល​នោះ​ទេ”។ អ្នក​អភិវឌ្ឍ​កម្មវិធី​រូប​នោះ បញ្ជាក់​ថា “អ៊ីស្រាអែល​ពិតជា​ប្រទេស​ដែល​មាន​ការ​បង្កើត​ថ្មី​មែន។ អ៊ីស្រាអែល​គិត​ដូច​នឹង​ក្រុមហ៊ុន Google។ អ៊ីស្រាអែល​មាន​ការ​បំបែក និង​មាន​ការ​បង្កើត អ៊ីស្រាអែល​ជា​ប្រទេស​មាន​ការ​ឆ្នៃ​ប្រឌិត។ វា​ពិត​ជា​ពិសេស​ណាស់”។

អ្នក​អភិវឌ្ឍ​កម្មវិធី​របស់ Google លោក Don Dodge
អ្នក​អភិវឌ្ឍ​កម្មវិធី​រូប​នោះ បាន​បន្ដ​ថា ពេល​នេះ Google បាន​ជួល​ក្រុម​វិស្វករ​ចំនួន ៦០០​នាក់​បន្ថែម​ទៀត នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល។ ក្នុង​ចំណោម​វិស្វករ​ទាំង​នោះ មាន​ប្រមាណ ៥០% ចេញ​មក​ពី​សាកលវិទ្យាល័យ​រដ្ឋ​អ៊ីស្រាអែល Tel Aviv University ដែល​ជា​ប្រភព​ធនធាន​មនុស្ស​ពោរពេញ​ដោយ​ទេពកោសល្យ។

ចំណែក​នាយក​ប្រតិបត្តិ Facebook ប្រចាំ​អ៊ីស្រាអែល លោកស្រី Adi Soffer Teeni បាន​បញ្ជាក់​ថា ក្រុម​ការងារ​ផ្នែក​វិស្វករ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល បាន​ដើរ​តួនាទី​ចម្បង​សម្រាប់​ផលិតផល​ថ្មីៗ​របស់ Facebook។ លោកស្រី​បាន​បញ្ជាក់​ថា អ៊ីស្រាអែល​គឺ​ជា​ទីតាំង​ពិសេស​តែ​មួយ​គត់ សម្រាប់​ធ្វើការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ព្រោះ​មាន​អ៊ីស្រាអែល ពោរពេញ​ដោយ​មនុស្ស​ដែល​មាន​ទេពកោសល្យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល។ លោកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​របស់ Facebook នៅ​អ៊ីស្រាអែល មាន​ការ​វិវត្ត​លឿន​ជាង​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​របស់ Facebook នៅ​តំបន់ Silicon Valley របស់​សហរដ្ឋអាមេរិក។

សូម​បញ្ជាក់​ថា ក្រៅ​ពី Facebook, Google, Intel និង Microsoft នៅ​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ក្នុង​ពិភពលោក​ជាច្រើន​ទៀត ដូចជា Amazon និង Apple ជាដើម​បាន​ទៅ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ក្នុង​ប្រទេស​អ៊ីស្រាអែល៕

Leave a comment.

Your email address will not be published. Required fields are marked*