នយោបាយ

Babykuku.com January 19, 2018

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រតិកម្ម​ចំពោះ​អនុប្រធានអង្គការសិទ្ធិមនុស្ស Human Rights watch លោក Phil Robertson ដែលបានស្នើឲ្យតុលាការកាត់ទោសលោក ពាក់ព័ន្ធការដាក់ពាក្យបណ្ដឹងរឿងបាត់បច្ច័យបុណ្យសព លោក កែម ឡី រហូតដល់តុលាការចេញដីកា បង្គាប់ឲ្យចាប់ខ្លួន សមាជិកគណៈកម្មការបុណ្យចំនួន៣រូប។ លោក ពេជ្រ ស្រស់ បានលើកឡើងទៀតថា ការស្នើរបស់លោក Phil Robertson ដែលជាជនបរទេសនោះ ជាការរំលោភសិទ្ធិមនុស្សឆ្លងទ្វីបហើយ ព្រោះការស្នើនេះមានលក្ខណៈញុះញង់ និងបំបែកបំបាក់។ បើតាមប្រធានគណបក្សយុវជនកម្ពុជា ​លោក Phil ​Robertson ​គួរតែបិទអង្គការ​ Human Rights watch ចោលទៅព្រោះលោកមិនសមធ្វើជាមនុស្សពត់តម្រង់ ឲ្យមនុស្សគោរពសិទ្ធិមនុស្សនោះទេ ដោយហេតុថាលោកបានធ្វើការចោទប្រកាន់ទាំងមិនបានដឹងអំពីស្ថានភាព​ច្បាស់លាស់។   ប្រធានគណបក្សវ័យក្មេងរូបនេះ បានគូសបញ្ជាក់ថា ក្នុងនាមបរទេសមិនគួរញុះញង់ជាតិសាសន៍ដទៃ ឲ្យបែកបាក់ផ្ទៃក្នុងនោះឡើយ ​ហើយតុលាការ បានព្យាយាមដោះស្រាយបណ្តឹងជូនជនរងគ្រោះ ដោយឈរលើគោលការស្មើរភាពដើម្បីឲ្យជនរងគ្រោះទទួលបាននូវភាពយុត្តិធម៌ ​ហើយខណៈនេះដែរ ខាងជនរងគ្រោះកំពុងតែទទួលបាននូវយុត្តិធម៌ ពីតុលាការហើយ ក្រោយពីតុលាការបានរកឃើញអំពីតម្រុយប្រពឹត្តបទល្មើសរបស់ជនទាំងបីនោះ ដែលជាអតីតអ្នកដឹកនាំការងារបុណ្យសពលោកបណ្ឌិត កែម […]

Babykuku.com January 19, 2018

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ  (Human Rights Watch) នៅ​ថ្ងៃ​១៨ ខែ​មករា នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ការ​អនុវត្ត និង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧។ អង្គការ​ក្រៅរដ្ឋភិបាលនេះ​ថា បរិយាកាស​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ស្ដែង​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ដុនដាប​យ៉ាង​អាក្រក់​បំផុត​ក្នុង​ឆ្នាំ​២០១៧ ខណៈ​ដែល​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង ក្រោម​បទ​ចោទ​ប្រកាន់​មិន​ច្បាស់លាស់ គឺ​បទ​ក្បត់​ជាតិ។   ​មិនតែប៉ុណ្ណោះរបាយការណ៍​ដដែល​នេះ លើក​ឡើង​បន្ត​ថា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រួតត្រា​សេវា​សន្តិសុខ និង​តុលាការ​របស់​ប្រទេស​កម្ពុជា បាន​បណ្ដាល​ឲ្យ​មាន​ការ​បង្ក្រាប ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​២០១៦ ហើយ​ទំនង​ជា​ដោយសារ​តែ​មាន​ការ​ព្រួយបារម្ភ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ដែល​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ អង្គការ​នេះ​សរសេរ​បន្ត​ថា ការ​រំលាយគណបក្ស​ប្រឆាំង​កាលពី១៦ខែ​វិច្ឆិកា​ ២០១៧ កន្លងទៅនេះ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​គណបក្ស​ប្រឆាំង​ធំ​ណា​មួយ​ដទៃ​ទៀត​អាច​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨ នេះ​ឡើយ ហើយគណបក្សមានអំណាចមួយនេះនឹងអាចឈ្នះដាច់គណបក្សផ្សេងៗដែលចូលរួមក្នុងការបោះឆ្នោត២០១៨នេះទាំងអស់ ៕ អត្តបទដកស្រង់ពីRFA      

Babykuku.com January 15, 2018

សម្ដេចតេជោ ហ៊ុន សែន ជាថ្មី​ម្ដង​ទៀត​ប្រកាស​ថា លោក​នឹង​បន្ត​កាន់​កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី យ៉ាង​ហោច​ណាស់ ១០​ឆ្នាំ​ត​ទៅ​មុខ​ទៀត។ ការប្រកាស​សាជាថ្មី​ម្ដង​ហើយ​ម្ដងទៀត​របស់​សម្ដេចតេជោ ហ៊ុន សែន នេះ ធ្វើឡើង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួមមាន​អ្នក​រត់​ម៉ូតូ​ឌុប ម៉ូតូ​កង់​បី និង​អ្នក​រត់​តាក់ស៊ី​សរុប​ជិត ៤​ពាន់​នាក់ នៅ​កោះ​ពេជ្រ ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ មករា ដែល​ត្រូវ​ចំ​នឹង​ខួប​លើក​ទី​៣៣ ឆ្នាំ នៃ​ការ​ចូល​កាន់​តំណែង​ជា នាយករដ្ឋមន្ត្រី​របស់​លោក។ សម្ដេចតេជោ ហ៊ុន សែន ថ្លែង​អះអាង​ថា លោក​មិន​ដែល​មាន​មហិច្ឆតា​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​នោះ​ទេ ក៏ប៉ុន្តែ​លោក​នៅ​មិន​ទាន់​មាន​លទ្ធភាព​ឈប់​ធ្វើជា​នាយករដ្ឋមន្ត្រី​នៅឡើយ ដោយសារតែ​បញ្ហា​របស់​ប្រទេសជាតិ​តម្រូវ​យ៉ាង​ដូច្នេះ៖ «ការ​កាន់​តំណែង​នៅ​ក្នុង​មុខតំណែង​មួយ​ដែល​មនុស្ស​ជាច្រើន​ចង់​ដណ្ដើម​យក​នៅ​ទីកន្លែង​នេះ គឺ​អ្នក​ដែល​មិន​ចង់​បែរជា​បាន​ធ្វើ បាន​ក្លាយ​ខ្លួន​ជា​នាយក​រដ្ឋមន្ត្រី។ ខ្ញុំ​គ្មាន​មហិច្ឆតា​ធ្វើ​នាយករដ្ឋមន្ត្រី​ទេ។ ហើយ​អ្នក​ដែល​ចង់​ដក​ខ្លួន​សម្រាក​ក៏​នៅតែ​មិនទាន់​មាន​លទ្ធភាព​ដើម្បី​នឹង​សម្រាក​ក៏​ព្រោះតែ​បញ្ហា​ប្រទេសជាតិ​របស់​យើង​វា​តម្រូវ​យ៉ាង​ដូច្នេះ»។ សម្ដេចតេជោ ហ៊ុន សែន អះអាង​បន្ត​ទៀត​ថា ការណ៍​ដែល​លោក​អាច​រក្សា​អំណាច​បាន​ដល់​ទៅ​៣៣​ឆ្នាំនេះ លោក​មិនមែន​បាន​មក​ដោយសារ​ការ​ប្រើ​ប្រាស់​ចុង​កាណុង ឬ​កាន់អំណាច​តាម​បែប​ផ្ដាច់ការ​នោះ​ឡើយ៕  

Babykuku.com January 13, 2018

កាលពីថ្មីៗនេះ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) អ្នកស្រី ហ្វាទូ បិនស៊ូដា (Fatou Bensouda) បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​បឋម​មួយ​ប្រចាំ​ឆ្នាំ​២០១៧។ ក្នុង​របាយការណ៍​ចេញ​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៧ នោះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​ដាក់​រដ្ឋាភិបាល​កម្ពុជា ក្នុង​បញ្ជី​នៃ​រឿងក្តី​ចំនួន ១២ ដែល​ត្រូវ​ពិចារណា​ស៊ើប​អង្កេត​បន្ទាន់។ ​មេធាវី​ជនជាតិ​អាមេរិក លោក មូរតុន ក្លារ (Morton Sklar) ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ថា ចំណាត់ការ​ក្នុង​រឿងក្ដី​ដែល​លោក និង​លោក​មេធាវី​ជនជាតិ​អង់គ្លេស រីឆាត រ៉ូជើរ (Richard Rogers) រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ទូទៅ​កំពុង​រង់ចាំ​យុត្តិធម៌​នោះ កាន់​តែ​លេច​រូបរៀង​ច្បាស់​ហើយ៖ «ឥឡូវ​នេះ​លោក ហ៊ុន សែន ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កំពុង​យក​ចិត្ត​ទុក​ដាក់ និង​ត្រួត​ពិនិត្យ។ វប្បធម៌​និទណ្ឌភាព​ពេល​នេះ ជិត​ផុត​រលត់​ហើយ។ រាល់​សកម្មភាព​ហិង្សា​ទាំង​ឡាយ​ដែល​លោក ហ៊ុន សែន ប្រព្រឹត្ត ដើម្បី​បង្ក្រាប​មក​លើ​បក្ស​ប្រឆាំង អ្នក​តវ៉ា និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទាំង​អស់​នេះ គឺ​ជា​បញ្ហា​ដែល​តុលាការ ICC ចាត់​ទុក​ជា​ចំណុច​អាទិភាព​ដែល​ត្រូវ​ចាត់ការ។ លោក ហ៊ុន សែន […]

Babykuku.com January 13, 2018

សម្ពន្ធភាព​សង្គម​ស៊ីវិល​សកល (Global Civil Society Alliance) ជា​បណ្ដាញ​អង្គការ​ដែល​មាន​ឥទ្ធិពល​ថ្នាក់​ជាតិ តំបន់ និង​អន្តរជាតិ បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា ទៅ​ក្នុង​បញ្ជី​ឃ្លាំមើល​តាមដាន។ បញ្ជី​ឃ្លាំមើល​នេះ នឹង​ទាញ​ការ​ចាប់​អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​ទៅ​លើ​ប្រទេស​ណា​ដែល​ធ្វើ​ទុក្ខបុកម្នេញ​ធ្ងន់ធ្ងរ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល។ កម្ពុជា​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ឃ្លាំមើល​នេះ ដោយសារ​តែ​នៅ​មុន​ពេល​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​កម្ចាត់​គណបក្ស​ប្រឆាំង គាប​សង្កត់​សង្គម​ស៊ីវិល និង​បាន​បង្ខំ​កាសែត និង​វិទ្យុ​ឯករាជ្យ​បិទ​ការ​ផ្សាយ​ជាដើម។ របាយការណ៍​សម្ពន្ធភាព​សង្គម​ស៊ីវិល​សកល ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បណ្ដាល​ឲ្យ​មាន​កង្វល់​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា នឹង​បន្ត​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ហើយប្រជា​ពលរដ្ឋ​អ្នក​បោះឆ្នោត​នឹង​ត្រូវ​បង្ខំចិត្ត​បោះឆ្នោត​ក្នុង​បរិយាកាស​គំរាមកំហែង គាបសង្កត់ ខណៈ​ព័ត៌មាន​ត្រូវ​បាន​គ្រប់គ្រង ដោយ​ស្ថានីយ​ដែល​គាំទ្រ និង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល៕ ប្រភពពីសារព័ត៌មានRFA  

Babykuku.com January 12, 2018

កាលពីម្សិលមិញនេះ អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥ សាន មានប្រសាសន៍ថា ៖ រដ្ឋាភិបាលមានគោលនយោបាយធានាភាពស្របច្បាប់ជូនជនបរទេស ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែ លោកថា ចំពោះជនបរទេស ដែលបំពានច្បាប់ ឬចូលមកស្នាក់នៅប្រទេសកម្ពុជាដោយខុសច្បាប់នោះ គឺអាជ្ញាធរនឹងចាត់វិធានការបញ្ជូនត្រឡប់ទៅប្រទេសពួកគេវិញ។     លោកបន្តទៀតថា៖ យើងមានគោលនយោបាយការបរទេសត្រឹមត្រូវ ប្រទេសយើងដូចប្រទេសគេ ប្រជាជនវៀតណាមដែលមករស់នៅក្នុងប្រទេសកម្ពុជា អ្នកណាដែលមករស់នៅដោយស្របច្បាប់ អាហ្នឹងយើងត្រូវទទួលខុសត្រូវ ប៉ុន្ដែ អ្នកដែលរត់មកនៅដោយខុសច្បាប់ អាហ្នឹងយើងចាត់វិធានការស្របទៅតាមគោលការច្បាប់ ច្បាប់អន្ដោប្រវេសន៍ យើងមានវិធានការចាប់ ហើយបញ្ជូនទៅវិញ។ តែអ្នកដែលនៅ​ស្របច្បាប់ ដូចថា មានវីសា ឬមួយចូលក្នុងនាមអ្នកទេសចរណ៍ យើងត្រូវថែរក្សា​សន្ដិសុខ សុវត្ថិភាពឲ្យពួកគេ»។   គួរបញ្ជាក់ថាសម្ដេចតេជោ ហ៊ុន សែន បាន​ព្រមព្រៀងគ្នា ជំរុញភាពស្របច្បាប់​ដល់ពលរដ្ឋកម្ពុជា​ដើមកំណើតវៀតណាម ដោយផ្អែកតាមច្បាប់​កម្ពុជា និងទំនាក់ទំនងប្រទេសជិតខាងល្អ​រវាងប្រទេសទាំងពីរ។ កាលពីខែតុលាឆ្នាំ២០១៧ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​បញ្ជាទៅមន្ដ្រីក្រោមឪវាទ ឲ្យធ្វើការ​ដក​ហូត​ឯកសារ​រដ្ឋបាល​ខុស​ប្រក្រតី ដែលកាន់កាប់ដោយជន​បរទេស​ប្រហែល ៧​ម៉ឺន​នាក់ ដោយ​​ថា ឯកសារ​ទាំង​នោះ […]

Babykuku.com January 11, 2018

នៅព្រឹកថ្ងៃទី១១ មករានេះ តុលាការ​កំពូល​កាល ​បាន​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ គឹម សុខ ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ដោយ​ព្រះរាជអាជ្ញា​បាន​អះអាង​ថា​ការ​ដោះលែង​លោក សុខ មុន​បញ្ចប់​ទោស​ជាប់​ពន្ធនាគារ​ ១៨ ​ខែ​អាច​នាំ​ឲ្យ​ «​វឹកវរ​» ​នៅ​ក្នុង​សង្គម និង​ធ្វើឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ខកចិត្ត​ដោយ​តុលាការ​កំពូល​បាន​សម្រេច​រក្សា​ការ​ឃុំ​ខ្លួន​លោក​ គឹម សុខ នៅ​ក្នុង​ពន្ធនាគារ​ដដែល​។   លោក គឹម សុខ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​ពី​បទ ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ដោយ​លោក​បាន​ចោទប្រកាន់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាត​លោក​ កែម ឡី ដែល​ជា​អ្នក​វិភាគ​នយោបាយ​ទាំង​កណ្តាល​ថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ព្រះរាជអាជ្ញា​តុលាការ​កំពូល​លោក​ ចាន់ តារារស្មី បាន​ជំរុញ​ឱ្យ​តុលាការ​បដិសេធ​សំណើ​របស់​លោក​ គឹម សុខ «​ដើម្បី​ប្រយោជន៍​សង្គម​ប្រយោជន៍​ដល់​សាធារណៈ និង​ដើម្បី​ជា​ប្រយោជន៍​ដល់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​»​។ ប្រធាន​ចៅក្រម​លោក​ គឹម សុថាវី បាន​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ និង​សាលា​ឧទ្ធរណ៍​ដោយ​លើក​ឡើង​អំពី​នីតិវិធី​ស្រប​ច្បាប់​ និង​បាន​បន្ថែម​ថា​៖ «​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​គឺ​មិន​សំខាន់​ទេ​ពីព្រោះ​តុលាការ​បាន​សម្រេច​កាត់​ទោស​គាត់​ឲ្យ​ជាប់​ពន្ធនាគារ​ ១៨ ​ខែ​រួច​ហើយ​»​៕

Babykuku.com January 11, 2018

កាលពីម្សិលមិញកូនស្រីបង្កើតរបស់​អតីត​មេបក្ស​ប្រឆាំងលោក កឹម សុខា​ បាន​អះអាង​ថា​នាងបាន​ជួប​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ពី​ម្សិលមិញ និង​បាន​ស្នើ​ពួកគេ​ជំរុញ​ប្រទេស​ជប៉ុន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ចាត់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ខណៈ​ដែល​បក្ស​កាន់​អំណាច​ចាត់​ទុក​សកម្មភាព​ទាំង​នេះ​ថា​ជា​ «​ឧទ្ទាម​និយម​» ​ដែល​កំពុង​ប្រឈម​ចំពោះ​មុខ​ច្បាប់​។ កញ្ញា​ កឹម មនោវិទ្យា អតីត​អគ្គនាយករង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា និង​ជា​កូនស្រី​លោក​ កឹម សុខា អតីត​ប្រធាន​គណបក្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​ «​ក្បត់​ជាតិ​» ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ ផាទ្រីក មឺហ្វី​ ​ឧបការីរង​នៃ​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​អាស៊ី​អាគ្នេយ៍​ និង​លោក Randall Schriver ឧបការី​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក​ដើម្បី​ពិភាក្សា​ អំពី​ជំហាន​បន្ត​ដែល​សហរដ្ឋអាមេរិក​គួរ​ចាត់​វិធានការ​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ក្នុង​ជំនួប​ជាមួយ​លោក Patrick Murphy កញ្ញា​ កឹម មនោវិទ្យា អះអាង​ថា​៖ «​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ថា​នឹង​មាន​វិធានការ​ច្រើន​ទៀត​ប្រសិន​បើ​គ្មាន​ការ​វិល​ត្រឡប់​ទេ​។ ខ្ញុំ​កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​»​៕

Babykuku.com January 9, 2018

ទីបំផុតតំណាងមកពីកូរ៉េខាងជើង​បានសម្រេចថា ខ្លួននឹងបញ្ជូន​ក្រុមប្រតិភូជាន់ខ្ពស់ ព្រមទាំងអត្តពលិក ឲ្យមកចូលរួមក្នុងការ​ប្រកួតកីឡាអូឡាំពិក​រដូវ​រងារ​ឆ្នាំ​២០១៨ ដែលនឹងប្រព្រឹត្ត​ទៅនៅក្នុងទឹកដី​កូរ៉េខាងត្បូង នាខែកុម្ភៈខាងមុខនេះហើយ។ នេះ​បើតាមការ​អះអាងពី​រដ្ឋាភិបាល​ទីក្រុងសេ​អ៊ូល ដកស្រង់ដោយសារ​ព័ត៌មាន BBC នៅព្រឹក​ថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។ ការសម្រេចដែលត្រូវ​បានចាត់ទុកថាជាភាពវិជ្ជមាន នៃទំនាក់ទំនងប្រសើរ​ឡើងវិញបន្តិចរវាង​អតីតបងប្អូន​ទាំងពីរនេះ បានកើតមានឡើង​បន្ទាប់ពី ​កិច្ចប្រជុំអន្តរកូរ៉េ​​កាលពីម៉ោង ១០៖០០នាទីព្រឹក ថ្ងៃអង្គានេះត្រូវបានរៀបចំឡើង នៅឯភូមិ Panmunjom ហើយមុននេះ លោក Ri Son Gwon តំណាងកូរ៉េខាងជើងបានលើក​ឡើងដូច្នេះថា «នៅថ្ងៃនេះ​កូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងចូលរួម​ក្នុងកិច្ចប្រជុំ​ជា​មួយជំហរ​ពិតប្រាកដ និងស្មោះត្រង់… ហើយ​ខ្ញុំសង្ឃឹមថា កិច្ចសន្ទនានេះ​នឹងទទួលបាន​លទ្ធផលល្អ»។ គួរបញ្ជាក់ថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ​បានចាប់ផ្តើម​ចរចាគ្នាជាផ្លូវការ​ ដោយបានពិភាក្សាគ្នា​ស្តីពីការបញ្ជូនអត្តពលិក​​កូរ៉េខាងជើង ទៅចូលរួម​ប្រកួត​កីឡាអូឡាំពិក​រដូវរងារនៅ​ឯទីក្រុង Pyeong Chang ប្រទេស​កូរ៉េខាងត្បូង ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ក្រោយនេះ។ ប៉ុន្តែទន្ទឹមគ្នា បើតាមសារព័ត៌មាន​កូរ៉េខាងត្បូង ទីក្រុងសេអ៊ូល ទំនងជាអាច​នឹងលើកឡើង​ផងដែរ ពីផ្លូវនាំទៅរក​ការស្ដារទំនាក់ទំនង​ឡើងវិញ រវាងកូរ៉េទាំងពីរ ព្រមទាំង​ការរៀបចំជំនួប​គ្រួសារកូរ៉េ ​ដែលបានព្រាត់ប្រាស់គ្នានៅអំឡុងសម័យ​សង្រ្គាម​កូរ៉េ៕

Babykuku.com January 8, 2018

សម្ដេច ហ៊ុន សែន អះអាង​ក្នុង​ទិវា​ជ័យជម្នះ​៧ មករា​ថា រដ្ឋាភិបាល​របស់​លោក​បាន​ទទួល​បាន​ជ័យជម្នះ​មួយទៀត គឺ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល។ ប៉ុន្តែ ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ​ថា ត្បិត​ដ្បិត​ចលនា​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ស្រុក​បាន​ដួល​រលំ តែ​ចលនា​នៃ​បង្អែក​ចលនា​មួយ​នេះ នៅ​ក្រៅ​ប្រទេស​មិនទាន់​រលំរលាយ​នៅឡើយ​ទេ។ សំឡេង​ស្រែក​ជយោ​យ៉ាង​កងរំពង​លាន់ឮ​ពេញទី​ក្រុង​កោះ​ពេជ្រ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បង្ហាញ​ជោគជ័យ​របស់​ខ្លួន​ថ្មី​មួយទៀត គឺ​ការ​កម្ទេច​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ចោល។ គណបក្ស ប្រជាជន​កម្ពុជា​ចោទ​ថា គណបក្សសង្គ្រោះ​ជាតិ ដែល​មាន​សហរដ្ឋអាមេរិក នៅ​ពីក្រោយ​ជា​អង្គការ​ចាត់តាំង ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​សម្ដេច ហ៊ុន សែន។ ក្នុង​ពេល​អួតអាង​ប្រាប់​សមាជិក​បក្ស​ជាង​ជិត​ប្រាំ​ម៉ឺន​នាក់ នៅ​ថ្ងៃ​នៃ​ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំនេះ សម្ដេច ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ថ្លែង​ថា ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ថ្មីៗ នេះ គឺ​ការ​ជា​ការពារ​សន្តិភាព ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​ថ្មី​របស់​ជាតិ។ ប៉ុន្តែ​ការ​កម្ទេច​ចោល​គណបក្ស​ប្រឆាំង នៅ​កម្ពុជា​ពេលនេះ សម្ដេច ហ៊ុន សែន មិនទាន់​គិត​ថា គ្រប់គ្រាន់​នៅឡើយ​ទេ។ លោក​បន្ត​ថា អង្គការ​ចាត់តាំង​នៃ​បដិវត្តន៍​ពណ៌​បាន​ដួល​រលំ តែ​ចលនា​នៃ​បង្អែក​ចលនា​មួយ​នេះ​នៅ​ក្រៅ​ប្រទេស​មិនទាន់​រលំរលាយ​នៅឡើយ​ទេ។ សម្ដេច ហ៊ុន សែន លើកឡើង​បែប​នេះ ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប ៧​មករា លើក​ទី​៣៩ […]